CDC អនុម័តឲ្យក្រុមហ៊ុន២បោះទុនជាង១៨លានដុល្លារ បង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ
Posted by -
Phoung Somphors
Published on -
16/2/2023 5:26 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន២បោះទុនប្រមាណ ១៨,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណ ៣១៩៣កន្លែង។

បើតាម CDC នៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន២ ដើម្បីបង្កើតរោងចក្រផលិតស្បែកជើង និងផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់។មានក្រុមហ៊ុន Lin Wen Chih Sunzeal Enterprises Co., Ltd បោះទុនប្រមាណ ១៣,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលអាចបង្កើតការងារបានចំនួន ២៩៥៥កន្លែង។

ចំណែក ក្រុមហ៊ុន Huang Theng Packaging Co., Ltd បោះទុនចំនួន ៥,១លានដុល្លារគម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារវេចខ្ចប់ (Stretch Film, Shrink​​ Film, Poly Bag) ដែលស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ២៣៨កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236