ធនាគារជាតិ ព្រមានដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលយកអត្តសញ្ញាណបណ្ណ/សៀវភៅគ្រួសារ ជាវត្ថុធានាលើការផ្តល់កម្ចី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ហាមមិនឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទទាំងអស់ មិនឱ្យយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ជាទ្រព្យសម្រាប់ដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការផ្តល់កម្ចីឡើយ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថាតាមរយៈសេចក្តីជូនដំណឹង កាលពីថ្ងៃទី១០ កុម្ភៈនេះ ថា អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលជាប្រភេទលិខិតយថាភូត ដែលចេញដោយអជ្ញាធរមានសមត្ថកិច្ចនោះ គឺសម្រាប់តែបញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លិខិតយថាភូតទាំងនេះ មិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្មឡើង។
បម្រាមនេះ ជាការក្រើនរម្លឹកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ ឱ្យបញ្ឈប់កម្មភាពទទួលយកនូវអត្តសញ្ញាណបណ្ណឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន។ ធនាគារជាតិនៃកម្ពុជា បានព្រមានដល់គ្រឹះស្ថានហិរញ្ញវត្ថុណា ដែលមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននោះនឹងត្រូវរកទណ្ណកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕