ក្នុងខែមករាដើមឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលបានជាង ៣០០លានដុល្លារ លើសផែនការជាង ៤%
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណ ១២១៧,៣៨ ប៊ីលានរៀល (ប្រមាណ ៣០០,៥៩លានដុល្លារ) ស្មើនឹង ៨,៤២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០,០៤ ប៊ីលានរៀល (ប្រមាណ ១២,៣៦លានដុល្លារ) ស្មើនឹង ៤,២៩%។
ចំណែក ចំណូលពីប្រភេទពន្ធសំខាន់ៗ ក្នុងខែមករា ឆ្នាំ២០២៣នេះ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះពន្ធលើប្រាក់ចំណូលមានចំនួន ២០,៧៣% អាករលើតម្លៃបន្ថែមមានចំនួន ៨,៥៧% និងពន្ធលើប្រាក់បៀរវត្សមានចំនួន ១៨,០៧%។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕