ពិព័រណ៍ពាណិជ្ជកម្មនៅប្រ៊ុយណេដារ៉ូសាឡាម បណ្តុំដោយអ្នកជំនួញធំៗក្នុងតំបន់និងពិភពលោក ដែលសហគ្រិនខ្មែរគួរចាប់ឱកាស
ភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍ D-Sunlit Sdn Bhd នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម បានអញ្ជើញកម្ពុជាឲ្យចូលរួមពិព័រណ៍ The 27th Consumer Fair 2023 នៅថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនាមជ្ឍមណ្ឌលសន្និបាតអន្តរជាតិប៉េរ៉ាកាស ប្រទេសប្រ៊ុយណេដារ៉ូសាឡាម។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ប្រទេសប្រ៊ុយណេដារ៉ូសាឡាមជាទីផ្សារដ៏ល្អមួយក្នុងតំបន់អាស៊ាន និងជាទីកន្លែងប្រមូលផ្តុំនូវពាណិជ្ជករធំៗនៅក្នុងតំបន់ និងពិភពលោក។ ជារៀងរាល់ឆ្នាំ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញនិងជួលស្តង់ក្នុងតម្លៃទាបឲ្យកម្ពុជា ដើម្បីដាក់តាំងបង្ហាញនិងផ្សព្វផ្សាយផលិតផលខ្មែរទូទៅក៏ដូចជាផ្តល់ឱកាសដល់អាជីវករកម្ពុជាស្វែងរកដៃគូពាណិជ្ជកម្មនិងពង្រីកទីផ្សារផលិតផលរបស់ខ្លួនក្នុងប្រទេសប្រ៊ុយណេដារ៉ូសាឡាម។
ចំពោះ បណ្តាសហគ្រិន និងសាធារណៈជនទូទៅ មានបំណងចង់ចូលរួមព្រឹត្តិការណ៍ខាងលើឬមានបំណងចង់ចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងប្រទេសប្រ៊ុយណេដារ៉ូសាឡាម ដោយផ្ទាល់ និងដើម្បីផ្លាស់ប្តូរបទពិសោធន៍លើមុខជំនួញសូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់មន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ៖ ០៨៩៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com ៕