និយ័តករអចលនវត្ថុនិងបញ្ចាំកោះហៅម្ចាស់ក្រុមហ៊ុនម៉េង ហួរ ខុនដូមីនៀម ឲ្យបង់ប្រាក់ពិន័យ ១០០លានរៀល
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកោះហៅលោកស្រី មាស ច័ន្ទដាលីន នាយិកាក្រុមហ៊ុន ម៉េង ហួរ ខុនដូមីនៀម ឯ.កដែលស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យមកបង់ប្រាក់ផាកពិន័យ១០០លានរៀល។ ដោយក្រុមហ៊ុន បានកំពុងធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដោយពុំមានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ» ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០២០។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយ តាមរយៈលិខិតលេខ១១៤០/២២ន.អ.ប ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ និងទទួលបានលិខិតក្រើនរំលឹកស្តីពីការបង់ប្រាក់ផាកពិន័យតាមរយៈលិខិតលេខ ៣២៨២/២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួចហើយត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឲ្យលើសពី ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែលក្រុមហ៊ុនបន្តគេចវេះ និងមិនធ្វើតាមការណែនាំនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ជាធរមាន៕