ក្រសួងយុត្តិធម៌ និង ADB រួមគ្នាពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងរៀបចំដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា
ភ្នំពេញ៖ ក្រសួងយុត្តិធម៌និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះអនុស្សរណៈនៃការយោគយល់( MoU) ស្តីពី«ការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៣នេះ។ តាមរយៈ MoMនេះ ADB ចូលរួមរៀបចំក្របខណ្ឌគតិយុត្តមួយដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាពនិងមានជំនឿទុកចិត្តនៅកម្ពុជា។
ក្រោមជំនួយបច្ចេកទេសរបស់ ADB និងដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សង្ឃឹមថា នឹងទទួលបាននូវសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្មដែលមាននីតិវិធីច្បាស់លាស់និងឆាប់រហ័ស មានតម្លាភាពនិងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ដើម្បីបង្កើនជំនឿទុកចិត្តលើការកាត់ក្តីវិវាទពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយនឹងភាគីរបស់ ADB តំណាងដោយលោកស្រី JyotsanaVarma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយដែលមានតម្លាភាពគុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជននិងលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា គឺជាអាទិភាពការងារនិងជាការប្តេជ្ញាចិត្តខ្ពស់មួយរបស់ក្រសួងយុត្តិធម៌។
ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថាដរាបណាតុលាការពាណិជ្ជកម្មមិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវនេះទេតុលាការនេះនឹងមិនត្រូវបានដាក់ឱ្យដំណើរការនោះទេ៕