រដ្ឋាភិបាល ស្នើឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងភ្លើង
ភ្នំពេញ៖ ក្នុងជំនួបជាមួយឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅវិមានសនិ្តភាពកាលពីថ្ងៃទី២១ កុម្ភៈនេះ សម្តេច ហ៊ុន សែន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តជួយដល់កម្ពុជាលើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស,ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ និងភ្លើង។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឯកឧត្តម រ៉េមីអំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវសម្រាប់ការនាំចេញខណៈដែលនៅកង្វះខាតម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃនិងនាំអង្ករចេញពីកម្ពុជា។ចំណែក គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បានគឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់និងឧស្សាហកម្មបច្ចេកវិទ្យាផងដែរ។
សម្ដេច ហ៊ុន សែន បានបន្ថែមថាច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំងនោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០% នៅកម្ពុជាហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យកសិកម្មនិងឧស្សាហកម្មនេះ។
ក្នុងរយៈពេល ៣០ឆ្នាំដែលភ្នាក់ងារអភិវឌ្ឍន៍បារាំងមានវត្តមាននៅកម្ពុជា ភ្នាក់ងារអភិវឌ្ឍន៍បារាំង បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ ដោយលើទី១.វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី ,វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល,ទី២. ដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីសនិងទី៣. សុំការតម្រង់ទិសអំពីសម្ដេចតេជោ ថាតើចង់ឲ្យភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះទៀតនៅកម្ពុជា៕