ពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើនដល់១ពាន់លានដុល្លារនៅឆ្នាំ២០២២ និងឈរលេខរៀងទី២ សម្រាប់ការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ដោយឆ្នាំ២០២២កន្លងទៅ ឡើងរហូតដល់ ១ពាន់លានដុល្លារ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងជំនួបជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២០ កុម្ភៈនេះ ដោយឯកអគ្គរដ្ឋទូត។
ឯកឧត្តម Park Jung Wook បានឱ្យដឹងដែរថា ទំហំនៃការវិនិយោគបរទេសនៅកម្ពុជា កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាបឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រនឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបតែងតាំងថ្មី នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៣នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជាទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩ និងអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញផងដែរ៕