ផែនការមេ៤ចំណុច សម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
Posted by -
Phoung Somphors
Published on -
23/2/2023 3:27 PM

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ចំណុច។ យុទ្ធសាស្ត្រនេះត្រូវបានឯកឧត្តមបណ្ឌិតអ៊ិត សំហេង លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ​រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ពីការអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ ២០២១-២០២៥ ចំនួន៤ ចំណុច គឺទី១. ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរបស់គ្រឹះស្ថានសិក្សា។ ទី ២. ការបំពាក់ឧបករណ៍បរិក្ខារ និងសម្ភារបណ្តុះបណ្តាល។ ទី៣. ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រងមន្រ្តីជំនាញ និងគ្រូបច្ចេកទេស និងទី៤. ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេក ទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នយេនឌ័រ។

ចំពោះការលើកកម្ពស់ និងនិងផ្សព្វផ្សាយពីសារសំខាន់ពីវិស័យនេះដល់គ្រប់ភាគីភាព ពាក់ព័ន្ធជាពិសេស ដល់គ្រប់មូលដ្ឋានសហគមន៍ គ្រួសារ សិស្សានុសិស្សយុវជន និងជនងាយរងគ្រោះ តែងតែរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET-DAY) នៅថ្ងៃទី១៥ ខែមិថុនាជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន១លាន ៥សែននាក់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យ មានប្រសិទ្ធភាពខ្ពស់៕

ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងទីផ្សារការងារ ក្រសួងបានអភិវឌ្ឍទីផ្សារការងារ ដែលមានភាពធន់និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236