CDC អនុម័តឲ្យក្រុមហ៊ុន៤ បោះទុនជាង២២លានដុល្លារ ដើម្បីបង្កើតរោងចក្រនិងការងារជិត ៧ពាន់កន្លែង
Posted by -
Phoung Somphors
Published on -
28/2/2023 3:24 PM

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៤បោះទុនប្រមាណ ២២,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺនិងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានប្រមាណ៦៨៨២កន្លែង។

បើតាម CDC កាលពីថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតសម្ភារៈវេចខ្ចប់។ មានក្រុមហ៊ុន Pengjiao (Cambodia) Industrial Co., Ltd បោះទុនប្រមាណ ៧លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទីខេត្តតាកែវ ដែលអាចបង្កើតការងារបានចំនួន ៣២៥៨កន្លែង។

ចំណែក ក្រុមហ៊ុន Zhong Shan Teng FEI(Cambodia) Packaging Material Co., Ltd បោះទុនចំនួន ៥,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ដែលស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនិងអាចបង្កើតការងារបានប្រមាណ ១០៧៦កន្លែង។ រីឯ ក្រុមហ៊ុន SSH CB Sustainable Fashion Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ២១៤៨កន្លែង។

ដោយឡែក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនមួយផងដែរដើម្បីបង្កើតរោងចក្រ។ គឺក្រុមហ៊ុន Hong Wang Li (Cambodia) Co., Ltd បោះទុនប្រមាណ ៥លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុងសាន់សែល ស្វាយរៀង ខេត្តស្វាយរៀង និងអាចបង្កើតការងារបានប្រមាណ ៤០០កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236