រដ្ឋាភិបាល អនុគ្រោះលើការបង់ពន្ធមួយចំនួនដល់គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន រយៈពេល៤ឆ្នាំ
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសស្តីពីការអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
បើតាមលិខិតប្រកាសដែលចេញកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣នេះ គ្រឹះស្ថានសិក្សាទាំងនោះត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។ បន្ថែមពីនោះ ក្នុងករណីខកខានឬយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សានឹងត្រូវទទួលរងនូវទោសទណ្ឌនានាដែលរួមមានប្រាក់ពិន័យនិងការប្រាក់ តាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
លិខិតដដែល ក៏បានឱ្យគ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធកត់ត្រា និងកាន់កាប់បញ្ជីកាគណនេយ្យឱបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែនិងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។ នៅក្នុងលិខិតប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនោះបានឱ្យក្រសួងទទួលបន្ទុកចាត់ចែងអនុវត្តដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងងារងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕