ឆ្នាំ២០២២ ការផ្ទេរថវិកាជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិកើនឡើងជាង ១ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨-២០២២ ការផ្ទេរថវិកាជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណពី ២,៧ដង កើនឡើងពី ៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១១១៦លានដុល្លារ ក្នុងឆ្នាំ២០២២។
នាពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា តាមរយៈកំណែទម្រង់បើគិតត្រឹមឆ្នាំ២០២២ មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិហើយមុខងារផ្តល់សេវារដ្ឋបាលជាង ៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើព្រឹត្តិកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាជនតាមយន្តការច្រកចេញចូលតែមួយ។
លើសពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ទទួលបានថវិកាដោយភ្ជាប់ជាមួយនឹងការផ្ទេរមុខងារ និងថវិកាអន្តរាគមន៍ជាច្រើនទៀតពីដ្ឋាភិបាលនិងក្រសួង-ស្ថាប័ននានា ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈនិងការវិវត្តន៍មូលដ្ឋាន។ ចំណែក នៅក្នុងក្របខណ្ឌនៃការអនុវត្តមុខាងារជាអាណត្តិទូទៅនិងមុខងារជាជម្រើសរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នឹងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង២ពាន់គម្រោងក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងនៃមូលដ្ឋានដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍមូលដ្ឋាន៕