រដ្ឋ មិនយកពន្ធប៉ាតង់រយៈពេល ៥ឆ្នាំសម្រាប់កាសែតចុះបញ្ជីជាប់ពន្ធតូច
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនយកពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ សម្រាប់អ្នកសារព័ត៌មាននិងសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីជាអ្នកជាប់ពន្ធតូច ដែលកំពុងប្រកបវិជ្ជាជីវៈនៅក្នុងប្រទេស។ ការផ្តល់ការអនុគ្រោះនេះ គឺស្របតាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣ ក្នុងពិធីជួបជុំអ្នកកាសែតលើកទី៥។
ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យអនុវត្តដោយមិនយកពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដល់អ្នកសារព័ត៌មាន និងសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីជាអ្នកជាប់ពន្ធតូច ដែលកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា។ អ្នកសារព័ត៌មាន និងសារព័ត៌មានអនឡាញ ដែលទទួលបានការលើកលែងនេះត្រូវប្រកាសពន្ធប៉ាតង់តាមប្រព័ន្ធអនឡាញប្រចាំឆ្នាំ តែពុំតម្រូវឱ្យបង់ពន្ធប៉ាតង់ក្នុងអំឡុងពេលនៃការលើកលែងនេះទេ។
នៅក្នុងសេចក្តីប្រកាសដែលចុះហ្ថលេខាដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភីបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ដើម្បីទទួលបានការលើកលេងពន្ធប៉ាតង់ប្រចាំឆ្នាំស្ថាប័នកាសែតទាំងនេះ ត្រូវតែបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ, កត់ត្រា និងកាន់បញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវ, ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងបំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀតផងដែរ៕