និយ័តករអចលនវត្ថុនិងបញ្ចាំហៅម្ចាស់ក្រុមហ៊ុនអិលអិន រៀលធី ឲ្យបង់ប្រាក់ពិន័យ
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកោះហៅនាយកក្រុមហ៊ុន អិលអិន រៀលធី ឯ.ក ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ឲ្យមកបង់ប្រាក់ផាកពិន័យ ៥លានរៀល។ដោយក្រុមហ៊ុនបានកំពុងធ្វើអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ ០៦៤ អ.ស.ហ. ប្រក ស្តីពី៖ «អាជីវកម្មផ្តល់សេវាកម្មអចលវត្ថុ» ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយ តាមរយៈលិខិតលេខ ២៣១៨/២២ ចុះថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២២ និងទទួលបានលិខិតក្រើនរំលឹកការបង់ប្រាក់ផាកពិន័យតាមរយៈលិខិតលេខ១២៣/២៣ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ រួចហើយដែរត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមលេខ ២៤៩៦/២២ ចុះថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២ ដោយមិនឲ្យលើសពី ១៥ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីដែលក្រុមហ៊ុននៅបន្តគេចវេះនិងមិនធ្វើតាមការណែនាំខាងលើ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕