កម្ពុជា-កូរ៉េ ចុះអនុស្សរណៈជាមួយគ្នា ដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី៖ «កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក» រវាងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃកម្ពុជា និងអង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នាពិធីចុះហត្ថលេខាខាងលើ ឯកឧត្តមបណ្ឌិត អិត សំហេងបានឲ្យដឹងថា ការចុះហត្ថលេខានាពេលនេះ មានគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយនិងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនិងអភិវឌ្ឍគ្រឹះ នៃការទំនាក់ទំនងនាពេលអនាគត រវាងភាគីទាំងពីរ។ លើសពីនេះឯកឧត្តមបណ្ឌិត អិត សំហេង បានបន្តថា តាមរយៈការចែករំលែកនូវបទពិសោធន៍ ចំណេះដឹងនិងការងាររបស់អង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ពិតជាធាតុចូលដ៏សំខាន់សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងវិស័យសាធារណៈ និងឯកជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អិត សំហេងបានឲ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាប្រឈមួយចំនួនក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិសំដៅលើពលករទេសសន្តរប្រវេសក៍ ដែលធ្វើការចាកចេញពីប្រទេសកំណើត ដើម្បីទៅបំពេញការងារហើយនៅពេលត្រឡប់មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម។
នាយកមជ្ឍមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ លោក Kim Chi-Mook សង្ឃឹមថាអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ នឹងអាចបង្កើតបណ្តាញជិតស្និតមួយដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការទៅលើប្រព័ន្ធសោធននិវត្តន៍របស់កូរ៉េ និងកម្ពុជា ដែលអភិវឌ្ឍន៍រួមគ្នា។
ឯកឧត្តម អ៊ុក សមវិទ្យាប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានលើកឡើងដរថា កន្លងមកបេឡាជាតិសន្តិសង្គមនៃកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ រួមមានកិច្ចសហការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារអង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន៕