ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិនិងកិច្ចការពារអតិថិជនកាន់តែជ្រៀតចូលសហគមន៍ជនបទ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) ដាក់ដំណើរការសាកល្បងនូវគម្រោង«ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» នៅក្នុងខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០២៣នេះតទៅ។ គម្រោងនេះ សំដៅដល់ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិនិងកិច្ចការពារអតិថិជនតាមសហគមន៍ក្នុងឃុំ-សង្កាត់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CMA កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាកត្តាចម្បងដែលធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងបន្តអនុវត្តដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងពង្រឹងកិច្ចការពារអតិថិជន ក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូលនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសផងដែរ។
លោក សុខ វឿនប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងដែរថា ការអនុវត្តគម្រោងនេះទាមទារការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធរួមទាំងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានានូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុសិទ្ធិ និងកិច្ចការពារអតិថិជន។
លើសពីនេះ គម្រោងខាងលើ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនហើយភាពជោគជ័យរបស់គម្រោងនឹងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា៕