ចិន អញ្ជើញក្រុមហ៊ុនខ្មែរឱ្យចូលរួមពិព័ណ៌ផលិតផលនៅខេត្តហៃណាន ដែលមានក្រុមហ៊ុនជិត៣ពាន់មកពី៦០ប្រទេស ចូលរួម
ភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន នៃរដ្ឋបាលខេត្តហៃណានប្រទេសចិន នឹងរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន (ពិព័រណ៍ហៃណាន) លើកទី៣ “The 3rd China International Consumer Products Expo (Hainan Expo)” នាថ្ងៃទី១១-១៥ ខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងហៃគូ ខេត្តហៃណានប្រទេសចិន។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ពិព័រណ៍ខាងលើ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយក្នុងប្រទេសចិនដែលប្រមូលផ្តុំដោយក្រុមហ៊ុន និងសហគ្រាសផលិតផលប្រើប្រាស់គុណភាពជាង ២៨០០ ក្រុមហ៊ុនមកពីបណ្តាប្រទេសជាង ៦០ នៅលើសកលលោកនាឆ្នាំកន្លងទៅ។ ដូច្នេះ គណៈកម្មារៀបចំពិព័រណ៍ខាងលើ បានអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើគ្រប់វិស័យឲ្យចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និងជាមួយអន្តរជាតិ។
សម្រាប់បណ្តាក្រុមហ៊ុនដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មដែលមានអាសយដ្ឋានដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ជាកំណត់តាមរយៈមន្ត្រីសម្របសម្រួល ដែលមានទូរស័ព្ទលេខ +៨៥៥ ១៦ ៤១៦ ៨២៥ ៕