ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានជិត​ ១១លានដុល្លារ ក្នុងរយៈពេល៤ខែ
Posted by -
Phoung Somphors
Published on -
4/3/2023 10:47 AM

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ ក្នុងរយៈពេល៤ខែ។ នេះបើតាមការបញ្ហានៅក្នុងកិច្ចប្រជុំលើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរវាងក្រសួងសាធារណការ និងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានចរាចរណ៍សរុបបានឆ្លងកាត់ជិត ១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត១១លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងកិច្ចប្រជុំលើវឌ្ឍនភាពការអនុវត្តការងារ​ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ដំណើរប្រតិបត្តិការកន្លងមកនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿនឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការក្នុងការអនុវត្តវិធានច្បាប់ ចរាចរណ៍។

ចំពោះគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយតម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុនដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លងដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងសោភណ្ឌភាព អនាម័យនិងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានាតម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្រសួងសាធារណការនិងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូនព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236