ធនាគារកណ្តាលកម្ពុជា, កោះសូឡូម៉ូន និងហ្វីជី រួមគ្នាអភិវឌ្ឍផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់
ភ្នំពេញ៖ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយឯកឧត្ដម Luke Forau ទេសាភិបាល ធនាគារកណ្តាលនៃកោះសូឡូម៉ូន និង ឯកឧត្ដម Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជី ដើម្បីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់។
នាពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម ជា ចាន់តូ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារកណ្តាលទាំងបី ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែល្អមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។
គោលបំណងសំខាន់ នៃអនុស្សរណៈយោគយល់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញនេះ ត្រូវបានឯកឧត្ដម ជា ចាន់តូ លើកឡើងថា គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធស្តីអំពីនវានុវត្តន៍និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ។ អនុស្សរណៈយោគយល់នេះ នឹងផ្តល់ជាក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធដល់គ្នាទៅវិញទៅមក។
សម្រាប់ ឯកឧត្ដម Luke Forau ទេសាភិបាល ធនាគារកណ្តាលកោះសូឡូម៉ូ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងបានផ្តល់ការគាំទ្របន្ថែម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជនធ្វើការទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ។
ចំពោះ ឯកឧត្ដម Esala Masitabua ក៏បានមានប្រសាសន៍ដែរថា អនុស្សរណៈនៃការយោគយល់នេះបានផ្តល់នូវក្របខ័ណ្ឌសម្រាប់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ដោយបើកចំហ ដែលនឹងជួយដល់ប្រទេសហ្វីជី ក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដែលទំនើបមានប្រសិទ្ធភាព និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់តម្រូវការរបស់ប្រជាជនហ្វីជី។ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងគាំទ្របន្ថែមទៀត ដល់ការកែទម្រង់ប្រព័ន្ធទូទាត់ជាតិ ដែលកំពុងដំណើរការនិងអនុញ្ញាតឱ្យហ្វីជីអាចរីកចម្រើនបានលឿនក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ៕