ពន្ធដារ ផាកពិន័យយានយន្តជាង ៨ពាន់គ្រឿង ដែលមិនបង់ពន្ធផ្លូវបានជាង ១,៥លានដុល្លារ ក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
7/3/2023 3:55 PM

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័នុ្ធបានធ្វើការផាកពិន័យទៅលើយានយន្ត ដែលមិនទាន់បានប្រកាសបង់ពន្ធលើមធ្យាបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ បានប្រមាណ ៨៥៣៧គ្រឿង ទទួលបានប្រាក់ពិន័យចំនួន ៦ ០៩៥ ០៧០ ០០០រៀល (ប្រមាណ ១,៥២លានដុល្លារ)។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ការចុះតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ក្នុងក្របខណ្ឌទូទាំងប្រទេស អនុលោមតាមច្បាប់និងបទប្បញ្ញត្តិស្តីពី៖ «ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ» ជាពិសេសអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតមក។

អគ្គនាយកដ្ឋានពន្ធដានបានជម្រាបជូនម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនដែលជាម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះផងដែរថា ដោយសង្កេតឃើញមានយានយន្តដែលមិនទាន់ប្រកាសបង់ពន្ធនៅតែធ្វើចរាចរណ៍លើដងផ្លូវ ដូច្នេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារនឹងនៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យលើយានយន្តទាំងនោះដើម្បីឲ្យច្បាស់ថាយានយន្តទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់។

ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានខាងលើរបស់អគ្គនាយកដ្ឋានពន្ធ ក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ ឲ្យរួសរាន់ទៅប្រកាសបង់ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារឬនៅតាមបណ្តាខេត្ត-ខណ្ឌ ឬនៅធនាគាររួមមាន៖ ធនាគារកាណាឌីយ៉ា ក.អ, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារជេ ត្រាស់រ៉ូយ៉ាល់, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារស្ថាបនាភីអិលស៊ី និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ដើម្បីចៀសវាងការឃាត់យានយន្តតាមដងផ្លូវដោយមន្ត្រីពន្ធដារ និងកម្លាំងសមត្ថកិច្ចដែលបង្កឲ្យកកស្ទះចរាចរណ៍ ខាតពេលវេលា និងអាចកើតមាននូវបាតុភាពអសកម្មជាយថាហេតុ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236