សម្តេច ហ៊ុន សែន ចង់ឃើញកម្ពុជា ក្លាយជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការចាប់អាម្មណ៍ខ្លាំងចំពោះការដាក់តាំងបង្ហាញផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរនៅតាមស្តង់នានា ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំនៅខេត្តកំពង់ធំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣នេះ។ ទន្ទឹងនឹង ការចាប់អាម្មណ៍នេះ សម្តេច ហ៊ុន សែន បានបង្ហាញក្តីស្រមៃថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនជាងគេបំផុងនៅលើពិភពលោក។
ថ្លៃនៅក្នុងការបើកពិធីបុណ្យទន្លេលើកទី៧ នាថ្ងៃទី០៩ ខែមីនានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានច្រើនជាងប្រទេសកូឌីវ័រ ដែលមានត្រឹម១.១លានតោន (១លាន១សែនតោន)។ ប៉ុន្ដែ កម្ពុជា មានស្វាយចន្ទីចំនួន ១.១៨លានតោន (១លាន ១សែន ៨ម៉ឺនតោន) រួចស្រេចទៅហើយ។ សម្ដេច ហ៊ុន សែន សង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាពបូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍ផងដែរ៕