កម្មវិធី ChatGPT នឹងដាក់ឱ្យប្រើប្រាស់តាមស្ថាប័នរដ្ឋ ឯកជន និងសាធារណជន ក្រោយមានជាភាសាខ្មែរ
ភ្នំពេញ៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថល បាននិងកំពុងសិក្សាស្វែងយល់អំពី ChatGPT បន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ។ ក្រោយពីអាចប្រើប្រាស់ជាភាសាខ្មែរបាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងដាក់ឱ្យស្ថាប័នរដ្ឋ និងឯកជន រួមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។
បើតាមការចុះផ្សាយរបស់នៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ខណៈពេលកំពុងសិក្សាស្វែងយល់ពីប្រព័ន្ធបន្ថែម គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនអស់រយៈពេលជាង ៦ខែមកហើយ។ ការងារផ្នែកខ្លះរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា។ ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន OpenAI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២។ ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់និងបង្កើតភាសាឱ្យដូចមនុស្ស។
ChatGPT មានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃ ដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើងហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា៕