វិស័យឯកជន និងរដ្ឋ បានចុះបញ្ជី ប.ស.ស ជាង ៥២ម៉ឺនសហគ្រាស/ស្ថាប័ន​ មានសមាជិកសរុបជិត ៨.៥លាននាក់
Posted by -
Phoung Somphors
Published on -
10/3/2023 10:58 AM

ភ្នំពេញ៖ ឯកឧត្ដម អ៊ុក សមវិទ្យាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះ ទាំងវិស័យឯកជននិងវិស័យសាធារណៈ។

គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារបានចុះបញ្ជីសរុបចំនួនជាង ២ម៉ឺនសហគ្រាស ដែលមានសមាជិកសរុបចំនួនជាង ២.៥លាននាក់, ផ្នែកថែទាំសុខភាពមានចំនួន ១.៧ម៉ឺនសហគ្រាស មានសមាជិកចំនួនជិត ២.៦លាននាក់ និងផ្នែកប្រាក់សោធនមានចំនួន ១.៤ម៉ឺនសហគ្រាស មានសមាជិកចំនួនជិត ២.លាននាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ជិត២.៧ពាន់នាក់។

ទិន្នន័យខាងលើ ដែលវិស័យឯកជនបានចុះបញ្ជីនៅក្នុងរបបសន្តិសុខសង្គមអគ្គនាយកដ្ឋានបេឡាជាតិសន្ដិសុខសង្គមនេះ ត្រូវបានឯកឧត្ដម អ៊ុក សមវិទ្យា បញ្ជាក់ឱ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្ដម អ៊ុក សមវិទ្យា ក៏បានឱ្យដឹងដែរថា ចំពោះវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុបជាង ៤សែននាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុបជិត ២៦ម៉ឺននាក់ផងដែរ។

ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គមបានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ដល់សមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល។

សូមរំលឹកផងដែរថា បេឡាជាតិសន្តិសុខសង្គមបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធននៅឆ្នាំ២០២២ព្រមទាំងការអនុវត្ដផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធនិងការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ដ្រីពេលសម្រាលកូននៅឆ្នាំ២០១៨។ដោយឡែក សម្រាប់វិស័យសាធារណៈបានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៨និងផ្នែកហានិភ័យការងារនៅឆ្នាំ២០២១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236