កម្ពុជា លក់ស្រូវអង្ករទៅទីផ្សារអន្តរជាតិបានជាង ២៩០លានដុល្លារ ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣
ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជិត ១០ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង ៨.៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបបានប្រមាណ ២៩០,៤៩លានដុល្លារ។ នេះបើតាមការឲ្យដឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៨ប្រទេស គិតជាទឹកប្រាក់សរុបបានចំនួន ៧២,៦៧លានដុល្លារ។ ក្នុងនោះ ការនាំចេញអង្ករទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុងបានចំនួន ៤៩ ០៥៦តោន ស្មើនឹង ៥០,៣៣% គិតជាទឹកប្រាក់ប្រមាណ ៣៣,៩៣លានដុល្លារ។ ចំណែកប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ២១ ការនាំចេញអង្ករបានចំនួន ៣៨ ៤៥៦តោន ស្មើនឹង ២៧,២៦លានដុល្លារ។ រីឯ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នាំចេញអង្ករបានចំនួន ៤៤០៩តោន ស្មើនឹង ៣,០២លានដុល្លារ និងប្រទេសផ្សេងៗ នៅអាហ្វ្រិកអូស្ត្រាលី តួគី រុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ នាំចេញអង្ករបានចំនួន៥ ៥៤៦តោន ស្មើនឹង ៨,១៤លានដុល្លារ។
ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញអង្ករក្រអូបប្រណិតមានពូជស្រូវផ្ការំដួលបានចំនួន ៤៩ ៣៨១តោនអង្ករ, សែនក្រអូបបានចំនួន ៣៦ ៤៩៥តោន, អង្ករសបានចំនួន ៦ ៤៦១តោន, អង្ករចំហុយបានចំនួន ២៨៩០តោន, អង្ករសរីរាង្គបានចំនួន ២ ២៨៤តោន និងនាំចេញស្រូវបានប្រមាណ ៨៧១ ៣១៩តោន៕