មានជនឆបោកសម្តេច ហ៊ុន សែន តាម Telegram ដោយប្រើរូបអ្នកឧកញ៉ា ឃុន សៀ ឱ្យវេលុយតាម ABA
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើជាសំឡេងអំពីករណីមានជនឆបោកបន្លំជាអ្នកឧកញ៉ា ឃុន សៀ ឆាតទៅសម្តេច ដើម្បីឲ្យផ្ញើលុយតាម ABA នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ក្រោយមានករណីឆបោកបែបនេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចបែបនេះ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះថា៖ «ឥឡូវមានល្បិចបោកប្រាស់ហើយដែលករណីខ្លួនខ្ញុំនេះ គឺមានការផ្ញើសារជាភាសាអង់គ្លេសតាមរយៈ Telegram ដោយប្រើប្រាស់ Profile ជាអ្នកឧកញ៉ា ឃុន សៀ ប៉ុន្តែ ជាប្រព័ន្ធលេខទូរស័ព្ទរបស់ប្រទេសឡាវ (+856) ដើម្បីឱ្យខ្ញុំផ្ទេរលុយតាម ABA ។ បើតាមការស្រាវជ្រាវ បុគ្គលនោះនៅកោះតៃវ៉ាន់ ប៉ុន្តែ គេបានផ្ញើតេឡេក្រាមនូវ Profile របស់អ្នកឧកញ៉ា ឃុន សៀ ដើម្បីឱ្យខ្ញុំផ្ញើប្រាក់ទៅទីនោះ»។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ប្រហែលជាជនឆបោកនោះមិនដឹងថា ជាលេខរបស់សម្តេចដែលជានាយករដ្ឋមន្ត្រីនោះទេ។ សារជាសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី១២ ខែមីនានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងករណីបែបនេះ៕