CSX សម្រេចឱ្យក្រុមហ៊ុនចំនួន២ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ​ និងបំណុល
Posted by -
Phoung Somphors
Published on -
13/3/2023 11:13 AM

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) របស់ក្រុមហ៊ុន ហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក កាលពីថ្ងៃទី០៧ ខែមីនាឆ្នាំ២០២៣។

បើតាមសេចក្តីជូនដំណឹងរបស់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ដើម្បីអាចចុះបញ្ជីនិងជួយដូរជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុនទាំងពីរខាងលើត្រូវតែទទួលបានការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្រជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក។

សូមជម្រាបថា ក្រុមហ៊ុន ម៉េងលី ជេ.គួចអេឌ្យូខេសិនជាក្រុមហ៊ុនទីដប់ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ ២០១២ ដែលមានអាជីវកម្មចម្បងក្នុងវិស័យអប់រំ។ បច្ចុប្បន្ន ក្រុមហ៊ុនបានបើកដំណើរការសាលារៀនចំនួន ១៥សាខា រួមទាំងសាខានៅខេត្តចំនួន២ គឺខេត្តសៀមរាប និងខេត្តតាកែវ ដោយមានសិស្សសរុបប្រមាណ ២ម៉ឺននាក់។ លើសពីនេះ ក្រុមហ៊ុនបានផ្តល់នូវសេវាអប់រំតាមលក្ខណស្តង់ដារនិងមានគុណភាព រួមមានការសិក្សានៅក្រៅប្រទេស (SOGO) និងកម្មវិធីតាមរយៈអនឡាញ(i-Learn) ផងដែរ។

ចំណែក ក្រុមហ៊ុន ហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.កជាក្រុមហ៊ុនទីដប់ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទីពីរ ដែលគ្រោងនឹងធ្វើការបោះផ្សាយលក់សញ្ញាបណ្ណបៃតង។ ក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ  ២០១៩ ដែលមានអាជីវកម្មចម្បងក្នុងការផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ កម្លាំង ២០មេហ្គាវ៉ាត់ និងមានទីតាំងនៅខេត្តស្វាយរៀង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236