ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី កើនដល់ជាង ៥០០លានដុល្លារ ក្នុងឆ្នាំ២០២២
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី កើនឡើងជាលំដាប់ពី ២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ រហូតដល់ប្រមាណ ៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្ន បានឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានផ្តល់ផ្លែផ្កាក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការកិច្ចសហប្រតិបត្តិការតាមវិស័យរដ្ឋនិងរដ្ឋ និងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវពង្រីងនិងពង្រីកឥតឈប់ឈរ។ ដោយមានកម្មវិធី និងគម្រោងជាច្រើនដែលកំពុងអនុវត្តក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលី រួមមានកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC), កម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (3i), កម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I), កម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP), កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ៦៥លានដុល្លារ។
ឯកឧត្តម Justin Kevin Whyatt បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលរដ្ឋាភិបាលកម្ពុជាសម្រេចបានលើគ្រប់វិស័យសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផលវិបាកនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។ឯកឧត្តម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្មវិធី CAP-RED ដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាដែលទើបចូលកាន់ដំណែងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្នបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងនិងជំនួយបច្ចេកទេសព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕