២ខែដើមឆ្នាំ២០២៣ ពន្ធដារ ប្រមូលចំណូលពន្ធ-អាករបានជិត ៥៤០លានដុល្លារ
Posted by -
Phoung Somphors
Published on -
24/3/2023 11:19 AM

ភ្នំពេញ៖ ២ខែដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ២ ១៨៣,៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩,២៣ លានដុល្លារ) ស្មើនឹង ១៥,១០% នៃផែនការកំណត់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបចំណូលពន្ធប្រចាំខែរបស់អគ្គនាយដ្ឋានពន្ធ នៅថ្ងៃទី១៤ ខែមីនានេះ។

ក្នុងកិច្ចប្រជុំបូកសរុបចំណូលពន្ធ ក្រោមវត្តមានឯកឧត្តម គង់ វិបុល​ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើតាមរយៈប្រព័ន្ធអនឡាញ Zoom Meeting បានឱ្យដឹងដែរថា បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នានឹងឆ្នាំ២០២២ កើនឡើងចំនួន ១០៩,៣៣ ប៊ីលានរៀល (ប្រមាណជា ២៧,០០លានដុល្លារ) ស្មើនឹង ៥,២៧% ។

បើសម្រាប់តែចំណូលនៅខែកុម្ភៈ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ៩៦៦,៣២ ប៊ីលានរៀល (ប្រមាណ ២៣៨,៦០ លានដុល្លារ) ស្មើនឹង ៦,៦៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងដែរថា ធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈឆ្នាំ២០២៣ កើនឡើងចំនួន ៥៩,២៩ ប៊ីលានរៀល (ប្រមាណជា ១៤,៦៤ លានដុល្លារ) ស្មើនឹង ៦,៥៤% ។

ឯកឧត្តម គង់ វិបុល បានមានឱ្យដឹងនៅក្នុងកិច្ចប្រជុំដែរថាចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)​ ដោយទទួលបាន ៦០,២៤ ប៊ីលានរៀល (ប្រមាណជា ១៤,៨៧ លានដុល្លារ) សម្រាប់រយៈពេល២ខែឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឱ្យអនុវត្តនូវ E-Administrationក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236