ត្រឹមឆ្នាំ២០២២ សមគមន៍កសិកម្មទាំងអស់ មានដើមទុនសរុប ២៦លានដុល្លារ និងភាគហ៊ុនជិត ១៣លានដុល្លារ
ភ្នំពេញ៖ សហគមន៍កសិកម្មបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ មកដល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ កើនឡើងចំនួន ១២៥១សហគមន៍ ដែលមានសមាជិកសរុប១២០ ២០៨នាក់ ក្នុងនោះស្ត្រីមានចំនួន ១០៧ ៣៨០នាក់ មានដើមទុនសរុបប្រមាណ ២៦លានដុល្លារ និងមានភាគហ៊ុនចំនួន ១២,៨លានដុល្លារ។ នេះបើតាមទិន្នន័យដែលបង្ហាញក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍ជាចលករនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា»កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
ទិន្នន័យដដែរ បានឲ្យដឹងទៀតថាសហគមន៍កសិកម្មទាំងនោះ មានមុខរបរសំខាន់ៗ ដូចជា ការធ្វើផលិតកម្មកសិកម្មកសិពាណិជ្ជកម្ម កសិឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតផលកសិកម្មដោយក្នុងនោះមានប្រភេទដំណាំភាគច្រើន រួមមាន ដំណាំស្រូវ ការផលិតស្រូវពូជ បន្លែស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមី។
នាកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះសហគមន៍កសិកម្មទូទាំងប្រទេស ដែលបានរួមចំណែកក្នុងផលិតកម្មកសិកម្មកសិពាណិជ្ជកម្ម កសិឧស្សាហកម្មនិងការផ្តល់សេវាគាំទ្រនានាដល់ផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ លើសពីនេះ ឯកឧត្តម ឌិត ទីណាបានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគនិងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបដើម្បីជំរុញការបង្កើតមូលនិធិជួយដល់សហគមន៍កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ចជាពិសេសចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស៕