កម្ពុជា-ប៊ុលហ្គារី សម្រេចបានទំហំពាណិជ្ជកម្មបានជាង ៨លានដុល្លារ ក្នុងឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជា-ប៊ុលហ្គារី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៨,១លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧៨% ស្មើនឹង ៤,៥៤លានដុល្លារ ក្នុងឆ្នាំ២០២១។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជាបាននាំចេញទំនិញជាប្រភេទ សម្លៀកបំពាក់ ស្បែកជើង ស្ករនិងថ្នាំជក់ទៅប៊ុលហ្គារី ខណៈប៊ុលហ្គារី បាននាំចូលទំនិញមកកម្ពុជាវិញជាប្រភេទជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ នេះបើតាមការកត់សម្គាល់របស់ភាគីទាំងពីរ នាជំនួបពិភាក្សាការងាររវាងឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោកជំទាវ ម៉ារីនេឡា ផេតកូវ៉ាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារខាងលើ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបានជម្រាបជូនពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគីតំបន់ អនុតំបន់និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័នដើម្បីកែលម្អបរិយាការធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លើសពីនេះ ឯកឧត្តម ប៉ានសូរសក្តិ ក៏បានគូសបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឲ្យមានកំណើនពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ផងដែរ។
ដោយឡែក លោកជំទាវ ម៉ារីនេឡា ផេតកូវ៉ាបានរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងតំបន់បន្ថែមទៀត ជាពិសេសការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារីឲ្យស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ក្នុងវិស័យកសិកម្ម រួមមាន ផលិតផលផ្លែឈើជីកសិកម្ម និងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ នឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញសំដៅជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរសក្តិបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មក្នុងការសហការជាមួយប្រទេសប៊ុលហ្គារី ដើម្បីផ្តល់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចជូនប្រជាជនទាំងពីរភាគី៕