សហគមន៍បន្លែសុវត្ថិភាពកម្ពុជា-ចិនចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួត ជំរុញការនាំចេញ
ភ្នំពេញ៖ នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសហការជាមួយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួតរវាងសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd របស់ភាគីចិន។ ពិធីចុះកិច្ចសន្យានេះក្នុងគោលបំណងជំរុញការនាំចេញដំឡូងមីស្ងួត ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប៥០ម៉ឺនតោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល។
នាពិធីចុះកិច្ចសន្យា កាលពីថ្ងៃទី១១ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើងឡើងថា ការចុះកិច្ចសន្យារវាងកម្ពុជា និងចិនបានបង្ហាញពីទំនាក់ទំនងកាន់តែល្អរវាងភាគីទាំងពីរ និងការវិនិយោគពីក្រុមហ៊ុនបរទេសធំៗជាពិសេស ការនាំចេញផលិតផលកម្ពុជាទៅឆាកអន្តរជាតិស្របតាមគោលនយោបាយរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ប៉ក់ សម័យសុនីតិ សង្ឃឹមថា ក្រុមហ៊ុនរបស់ចិននឹងអាចពង្រីកទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រវិស័យកសិកម្ម។
ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា លោក ជួមករា បានឲ្យដឹងថា ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិន គឺជាលទ្ធផលល្អមួយក្នុងការចរចាដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេសនិងជាប្រយោជន៍រួមរបស់ប្រជាកសិករផងដែរ។
លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd បានឲ្យដឹងថាមុននឹងចុះកិច្ចសន្យាជាមួយកម្ពុជា ក្រុមហ៊ុនបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi ដើម្បីសិក្សាពីពូជដំឡូងមីនិងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុនថែមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន ក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសចិន។
លើសពីនេះ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយស្ថាប័នស្រាវជ្រាវគ្រាប់ពូជស្រូវកំពូលរបស់ចិននិងស្ថាប័នស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ រោងចក្រចំណីដំឡូងមីនិងសហគ្រាសកែច្នៃដំឡូងមី ដើម្បីជួយដល់ប្រជាជនកម្ពុជា បង្កើនផលិតកម្មស្រូវ និងដំឡូងមីនៅកម្ពុជា។ជាមួយគ្នានេះ ក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះ ពង្រីកការនាំចេញស្រូវ និងដំឡូងមីនិងផលិតផលកសិកម្មកែច្នៃ ដើម្បីជួយកសិករឲ្យកាន់តែមានជីវភាពល្អប្រសើរ និងកសាងសហគមន៍ចិន-កម្ពុជា ជាមួយគ្នា នាពេលអនាគត៕