ន.អ.ប កោះហៅម្ចាស់ក្រុមហ៊ុន សុវណ្ណារី អេសវីវីឡា ឲ្យបង់ប្រាក់ពិន័យ ៤០០លានរៀល
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប) កោះហៅអគ្គនាយិកាក្រុមហ៊ុន សុវណ្ណារី អេសវី វីឡាដែលបានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានចំនួន ៤គម្រោង ឲ្យបង់ប្រាក់ផាកពិន័យចំនួន ៤០០លានរៀល។ដោយក្រុមហ៊ុនបានកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ពុំទាន់មានអាជ្ញាបណ្ណដូច្នេះក្រុមហ៊ុនបានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ» ចុះថ្ងៃទី២០ខែមករា ឆ្នាំ២០២០។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គម្រោងទាំង៤ខាងលើដែលក្រុមហ៊ុនបានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានរួមមាន៖ ទី១. គម្រោងសុវណ្ណារី វីឡាទី១ស្ថិតនៅភូមិអំពិលរួង ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ទី២. គម្រោងសុវណ្ណារីវីឡាទី២ ស្ថិតនៅភូមិជ្រៃពពែ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ទី៣. គម្រោងសុវណ្ណារី វីឡាទី៣ ស្ថិតនៅភូមិទួលលៀប សង្កាត់ស្មា ខណ្ឌកំបូលរាជធានីភ្នំពេញ និងទី៤ គម្រោងសុវណ្ណារី វីឡាទី៤ ស្ថិតនៅភូមិផ្លាង សង្កាត់ស្មាខណ្ឌកំបូលរាជធានីភ្នំពេញ។
ក្រុមហ៊ុនខាងលើ ទទួលបានលិខិតផាកពិន័យរួចរាលហើយតាមរយៈលិខិតលេខ ២១១៩/២២ ន.អ.ប ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២និងទទួលបានលិខិតក្រើនរំលឹកស្តីពីការបង់ប្រាក់ផាកពិន័យលេខ១០/២៣ ន.អ.ប ចុះថ្ងៃទី០២ខែមករា ឆ្នាំ២០២៣ រួចហើយ ត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឲ្យលើសពី ១៥ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះតទៅ។ ក្នុងករណី ដែលក្រុមហ៊ុនខាងលើ បន្តគេចវេះនិងមិនធ្វើតាមការណែនាំ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនឹងចាត់វិធានការតាមផ្លូវច្បាប់៕