ទីលានចាក់សំរាមនៅក្រុងបាត់ដំបង ចំណាយថវិកាអស់ជិត ៦.៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់
ភ្នំពេញ៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាមក្រុងបាត់ដំបងចំណាយថវិកាសាងសង់អស់ប្រមាណ ៦ ២៨៣ ៧៤៧ដុល្លារក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការងារសាងសង់ទាំងនោះរួមមាន៖ ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្មអគាររដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្តស្ថានីយ៍ថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងការដំាដើមឈើ។
គម្រោងខាងលើ នឹងរួមចំណែកថែរក្សាការពារសំដៅធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានស្ថិតស្ថេរយូរអង្វែង ជាពិសេសផ្តល់ជូនដល់អាជ្ញាធរខេត្តបាត់ដំបង អាចទទួលគ្រប់គ្រងនិងប្រតិបត្តិបន្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដែលផ្តោតទៅលើសុខុមាលភាពអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ចំពោះប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង។ គម្រោងនេះដែរប្រើរយៈពេលសាងសង់ប្រមាណ ១២ខែ ម៉ៅការសំណង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណដឹកជញ្ជូននិងសំណង់ ដោយមានការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន Ramboll Danmark A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd ក្រុមហ៊ុន SCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd។
ការលើកឡើងខាងលើនេះ នាឱកាសឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាមក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថាគម្រោងជាច្រើនទាក់ទងនឹងវិស័យសាធារណការនិងដឹកជញ្ជូន ដែលកំពុងអនុវត្តក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់ប្រជាជនក្នុងខេត្តបាត់ដំបងទាំងមូល មានដូចជា៖គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥, គម្រោងស្ថាបនាផ្លូវជាតិលេខ៥៧តភ្ជាប់ទៅខេត្តប៉ៃលិន, គម្រោងស្ថាបនាផ្លូវជាតិលេខ១០តភ្ជាប់ទៅខេត្តកោះកុង, គម្រោងស្ថាបនាផ្លូវភ្ជាប់ត្រង់ទៅខេត្តសៀមរាបនិងគម្រោងទីលានទុកដាក់សំរាមជាដើម៕