ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍គ្រឿងអលង្ការលើកទី៦៨ នៅក្រុងបាងកក
ភ្នំពេញ៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសថៃឡង់ដ៍ នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃបាងកកលើកទី៦៨ ឆ្នាំ២០២៣ (The 68thBangkok Gems & Jewelry Fair 2023) នៅថ្ងៃទី៦-១០ ខែកញ្ញាឆ្នាំ២០២៣ ខាងមុខ នាទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មខាងលើផ្តោតសំខាន់ទៅលើឧស្សាហកម្មគ្រឿងអលង្ការ ត្បូងមានតម្លៃ និងសម្ភារៈតុបតែងរាងកាយ។លើសពីនេះ ក្រសួងពាណិជ្ជកម្មថៃឡង់ដ៍បានផ្តល់ស្តង់មួយចំនួនជូនក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុននិងសហគ្រាសដែលនាំយកផលិតផលទៅចូលរួមដាក់តាំងបង្ហាញសម្រាប់ស្វែងរកដៃគូពាណិជ្ជកម្មអន្តរជាតិ។
ចំពោះ បណ្តាសហគ្រិន និងពាណិជ្ជករ ដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើសូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាកំហិត តាមរយៈអាសយដ្ឋានដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិកទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ៖ ០១២ ៧៧៧៩៥៩ ឬអ៊ីម៉ែល៖ Cheaputhea@yahoo.com ៕