ធនាគារជាតិ ប្រាប់ឱ្យពលរដ្ឋរក្សាសុវត្ថិភាពគណនីបណ្តាញសង្គម ជៀងវាងចាញ់បោកជនខិលខូច
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាស្នើសុំឲ្យសាធារណជនទាំងអស់ រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័តឬតាមរយៈភ្នាក់ងារ ត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយ ដែលអាចធ្វើទៅបានដើម្បីបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ឲ្យបានត្រឹមត្រូវជៀងវាងចាញ់បោកជនខិលខូចតាមបណ្តាញសង្គម ខណៈពេលដែលថ្មីៗនេះ មានជនខិលខូចមួយចំនួនព្យយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គមដូចជា Telegram, Facebook, Tik Tok ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានសង្កេតឃើញថា ជនខិលខូចបានបោកប្រាក់ជនរងគ្រោះដោយប្រើគណនីបណ្តាញសង្គមនៃសមាជិកណាមួយក្នុងគ្រួសារ ញាតិសន្តាន មិត្តភក្តិឬថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះដែលពូកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេងបន្លំជាសមាជិកណាមួយក្នុងគ្រួសារសុំខ្ជីប្រាក់ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លីដោយផ្ទេរប្រាក់ឲ្យពួកគេតាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនីឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារជាតិនិងហិរញ្ញវត្ថុឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស៕