សិស្សនិស្សិតប្រមាណ ៣ពាន់នាក់ បានចូលរួមគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»
Posted by -
Rithipul
Published on -
28/3/2023 4:52 PM

ភ្នំពេញ៖ ក្រុមហ៊ុន ឫទ្ធិពលបានផ្តួចផ្តើមនិងដឹកនាំអនុវត្តគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» រយៈពេលពេញ១ឆ្នាំ​ ដល់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅចំនួន ១ម៉ឺននាក់ ដែលចាប់ផ្តើមតាំងពីតុលា ឆ្នាំ២០២២មកម្ល៉េះ។ គិតមកដល់ខែមីនា ឆ្នាំ២០២៣ គម្រោងនេះ បានរៀបចំជាសិក្ខាសាលាស្តីពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដល់យុវជន និងសិស្សនិស្សិតបានចំនួនជិត ២,៧០០នាក់ (ស្រ្តី១,៤១៣នាក់)នៅគ្រឹះស្ថានអប់រំរដ្ឋនិងឯកជននៅតាមបណ្តារាជធានី-ខេត្តចំនួន៦។

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពលនិងអេបកត់លុយ (Kotluy) ដែលផ្តួចផ្តើមគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះឡើង​ បានមានប្រសាសន៍ថា “Fintech” ឬ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» គឺជាការផ្តល់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណិតពីកម្មវិធីធនាគារចល័តទៅកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ, Blockchain និង Cryptocurrency រួមទាំងការជួញដូរភាគហ៊ុនផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ជំនួសឱ្យការធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុតាមវិធីចាស់មកជួយសម្រួលដល់ការផ្តល់ និងទទួលសេវាកម្មដែលទាក់ទងនឹងហិញ្ញវត្ថុ និងការទូទាត់ប្រាក់ដើម្បីកាត់បន្ថយថ្លៃចំណាយ ចំណេញពេលវេលា និងហានីភ័យផ្សេងៗ ក្នុងការធ្វើប្រតិបត្តិការសេវាកម្មអ្វីមួយទាំងលក្ខណបុគ្គលនិងនៅក្នុងអាជីវកម្ម។

លោក ទិត្យ កំរង បានឱ្យដឹងទៀតថា ទោះយ៉ាងណាការយល់ដឹងរបស់យុវជនពីបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅក្នុងសាកល​ភាវូបនីយកម្ម​នៃ​ពិភពលោកនេះ មានកម្រិតនៅឡើយដែលទាមទារឱ្យពួកគេសិក្សាស្វែងយល់បន្ថែមទាំងគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ។ ជាពិសេសចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថក្នុងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងការរស់នៅប្រចាំថ្ងៃនិងអាជីវកម្មឱ្យកាន់តែប្រសើរ ចំណេញទាំងពេលវេលានិងសុវត្ថភាព។

លោក ទិត្យ កំរង ដែលជាអ្នកឯកទេសបណ្តុះបណ្តាលនិងជាអ្នកអភិវឌ្ឍកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុដែលទទួលស្គាល់ដោយអង្គការអប់រំពិភពលោក អូស្ត្រាលី និងអង្គការ GOODRETURN និងមានបទពិសោធធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទាំងនៅក្នុងវិស័យឯកជននិងអង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាលនៅក្នុងវិស័យហិរញ្ញវត្ថុផងនោះបានបញ្ជាក់ថាគម្រោងនេះនឹងជួយដល់អ្នកចូលរួមក្នុងការយល់ដឹងបន្ថែមពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សារសំខាន់ និងអត្ថប្រយោជន៍របស់វា។ ចំណេះដឹងហរញ្ញវត្ថុ (Financial Literacy) ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្របខ្លួនក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) ថែមទាំងបង្ហាញពីរបៀបប្រើប្រាស់(FinTech) ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីបង្កើនសេចក្ដីសុខ សុខុមាលភាពហិរញ្ញវត្ថុលើកទឹកចិត្តយុវជននិងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យត្រៀមលក្ខណៈដើម្បីក្លាយជាពលរដ្ឋឌីជីថល។

លោកស្រី ប៉ែន បុប្ផា នាយិកាបណ្តុះបណ្តាលមជ្ឈមណ្ឌលឫទ្ធិពល គ្រូបណ្តុះបណ្តាលបំណិនជីវិត ភាពជាអ្នកដឹកនាំនិងចំណេះដឹងហិរញ្ញវត្ថុ ដែលបានដឹកនាំអនុវត្តគម្រោងគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះផ្ទាល់ បានឱ្យដឹងដែរថា គម្រោងនេះបានរៀបចំជាសិក្ខាសាលាក្រោមប្រធានបទស្តីពី៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដល់យុវជនសិស្សិនិស្សិត និងសាធារណជនប្រមាណ ១ម៉ឺននាក់ ដែលនៅតាមបណ្តាគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនចំនួន ៣០ និងរៀបចំជាវេទិកាសាធារណចំនួន ៤លើកផងដែរ។

លោកស្រី ប៉ែន បុប្ផា បានបញ្ជាក់ប្រាប់ពីគោលបំណងដែលរៀបចំជាសិក្ខាសាលានេះ ដើម្បីឱ្យឆ្លើយបតនឹងលទ្ធផលរំពឹងទុករបស់គម្រោងទាំងមូលនោះ គឺបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, បង្កើតទម្លាប់សន្សំតាមរយៈការគ្រប់គ្រងប្រាក់ចំណូលបំណុល និងរកប្រាក់ចំណូលបន្ថែម ព្រមទាំងសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនិងវិស័យពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃ។

និស្សិតជាសិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានៃគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះ បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលចំណេះដឹងក្នុងការគ្រប់គ្រងលុយកាក់ឱ្យមានប្រសិទ្ធភាព សន្សំលុយឱ្យមានប្រសិទ្ធភាពការបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជារបៀបប្រើប្រាស់កាតធនាគារ ក្រេឌីតកាត វីសាកាតម៉ាស្ទ័រកាតទាំងក្នុងនិងក្រៅប្រទេស ទ្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលអេបកត់លុយ (Kotluy App) និងការគ្រប់គ្រងហានីភ័យហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពផងដែរ។

សម្រាប់និស្សិតមួយចំនួនទៀត ដែលកំពុងតែប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុហើយ ដូចជាគណនេយ្យធនាគារ, ការដកប្រាក់ទូរ ATM​ និងការស្គេន KHQR ជាដើម ប៉ុ​ន្តែពួកគាត់មិនដឹងថាការប្រើប្រាស់មធ្យោបាយទាំងនោះជាបច្ចេកវិទ្យាហិរញ្ញវត្ថុនោះឡើយ។ ដូច្នេះ ពួកគាត់បាននិយាយថាចំណេះដឹងទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ក្នុងនាមជាយុវជនដែលកំពុងរស់នៅក្នុងសង្គមសម័យឌីជីថលបែបនេះ។

ជាងស្តែងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ គម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» នឹងរៀបចំវេទិកាសាធារណៈស្ដីអំពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» ឱ្យសាធារណជនចូលរួមប្រមាណ៣០០-៤០០នាក់។ សម្រាប់វេទិកាសាធារណៈលើកទី១នេះ រៀបចំធ្វើនៅហ្វេកធឺរីភ្នំពេញ (Factory Phnom Penh) ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង ១១:០០ព្រឹកដោយមានវាគ្មិន៤រូបអញ្ជើញចូលរួមចែករំលែក។

សូមបញ្ជាក់ផងដែរថា គម្រោងគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» ផ្តួចផ្តើមដោយក្រុមហ៊ុនឫទ្ធិពល ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងមូលនិធី ស.អ ឧបត្តម្ភធំដោយធនាគារអេស៊ីលីដា និងក្រុមហ៊ុនធានារ៉ាប់រង GC Life និងក្រុមហ៊ុនខាំ-ផែន (ថ្នាំពណ៌ជាតិ) និងសហការឧបត្តម្ភដោយក្រុមហ៊ុន ឌីហ្វើនីឈ័រ (D'furniture),អង្កការ KMH Foundation, ក្រុមហ៊ុន ISIGROUP, ក្រុមហ៊ុន នំស្រួយលីលី (LY LY Food Industry Co.,LTD.) និង Factory Phnom Penh ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236