ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ នៅប៉ាគីស្ថាន
ភ្នំពេញ៖ អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន សហការជាមួយក្រសួងពាណិជ្ជកម្មប៉ាគីស្ថាននឹងរៀបចំ «ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤»(TEXPO) នាថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលពិព័រណ៍នៃប្រទេសប៉ាគីស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្រោមប្រធានបទ “ត្បាញផ្លូវទៅរកនិរន្តរភាព” ក្នុងគោលបំណងបង្ហាញផលិតផលវាយនភណ្ឌរបស់ប្រទេសប៉ាគីស្ថានដែលប្រកបដោយនិរន្តរភាព និងបង្កើនការយល់ដឹងអំពីបរិស្ថានដល់អ្នកប្រើប្រាស់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គណៈកម្មការរៀបចំពិព័រណ៍នឹងផ្តល់នូវសំបុត្រយន្តហោះទៅមក និងកន្លែងស្នាក់នៅ៤យប់ដល់អ្នកដែលបានទិញផលិតផលពីបរទេសក្នុងតម្លៃ ៣-៥លានដុល្លារឬជាប្រធាន/តំណាងនាយកប្រតិបត្តិជាន់ខ្ពស់នៃសមាគមពាណិជ្ជកម្មដែលមានបំណងចូលរួមព្រឹត្តិការណ៍ខាងលើ។
ចំពោះ បណ្តាសហគ្រិន និងសាធារណៈជនទូទៅដែលមានបំណងចង់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ឬចង់ស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសប៉ាគីស្ថាន សូមទាក់ទងមកនាយកដ្ឋានកិច្ចការណ៍ពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តាមរយៈអាសយដ្ឋានដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ត្រីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ៖ ០៨៧ ៧៥៥ ៥៥១ និងអ៊ីម៉ែល៖ ritatong19@gmail.com៕