ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅចិន
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ “The20th China – Asean Expo” នាថ្ងៃទី១៦-២០ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិក្នុងទីក្រុងណាននឹងតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិនផ្ទាល់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការរៀបចំចូលរួមពិព័រណ៍នេះដែរ គឺស្របពេលនៃការបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ច របស់ប្រទេសចិននិងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន និងជាខួបគម្រប់ ២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ានផងដែរ។ លើសពីនេះ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្ម ដែលរួមមានអ្នកតាំងពិព័រណ៍អ្នកទស្សនាពិព័រណ៍ ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់និងចូលរួមក្នុងកម្មវិធីសំខាន់ៗដូចជា វេទិកាធុរកិច្ចវិនិយោគ និងទេសចរណ៍កម្ពុជា-ចិនវេទិកាធុរកិច្ចនិងវិនិយោគចិន-អាស៊ាន។
ក្រសួងពាណិជ្ជកម្ម ក្នុង នាម ដៃគូ សហការ រៀបចំបាន អញ្ជើញ បណ្តាសហគ្រិន និងវិនិយោគិនដែលមានបំណងចង់តភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ ជាមួយពាណិជ្ជករចិន និងអាស៊ាន ឲ្យចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការណ៍ពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០១៧ ៧៥៩ ៥៦៧ / ០៨៧ ៧៥៥ ៥៥១ឬអ៊ីម៉ែល៖ Chaoji168@gmail.com /vannameass@yahoo.com / ritatong19@gmai.com ៕