កម្ពុជា-ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្មជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
6/4/2023 8:43 AM

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន សម្រេចបានប្រមាណជាង ១៩៤៨លានដុល្លារ ក្នុងឆ្នាំ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅជប៉ុន មានទឹកប្រាក់ជាង ១១៧៣លានដុល្លារ ចំណែកការនាំចូលរបស់ជប៉ុនមកកម្ពុជាវិញ មានទឹកប្រាក់ជាង ៧៧៥លានដុល្លារ។

នាពិធីបើកសិក្ខាសាលាស្តីពី «ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារប្រទេសជប៉ុន» ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ឯកឧត្តម កៅ កោសល ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានឲ្យដឹងដែរថា គម្រោងវិនិយោគសំខាន់ៗ របស់ជប៉ុននៅកម្ពុជា រួមមាន៖ វិស័យបង្គុំរថយន្តបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍មន្ទីរពេទ្យ និងផ្សារទំនើប។ ដោយឡែក ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហើយជប៉ុន ក៏មានវត្តមានធុរកិច្ចតូចធំប្រមាណ ១៧០០ក្រុមហ៊ុនដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។

លោកបណ្ឌិត Kunihiko Hirabayashi អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានលើកឡើងថា ប្រទសកម្ពុជាមានការអភិឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ជាពិសេសវិស័យកសិកម្ម ដោយការដាំដុះគិតគូដល់និរន្តភាព វិបុលភាព និងសុខភាពប្រកបដោយសុវត្ថិភាព និងគុណភាព។ លោកបណ្ឌិត បន្តថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែច្រើនឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ រួមទាំងជប៉ុនផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236