ក្រសួងកសិកម្ម ផ្តល់ថវិកាឲ្យសហគមន៍កសិកម្មភ្នំពេជ្របុរី ធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីពីកសិករ
ភ្នំពេញ៖ សហគមន៍កសិកម្មភ្នំពេជ្របុរីខេត្តព្រះវិហារ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីកសិករ។
នាពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ តាមផែនការ សហគមន៍កសិកម្មភ្នំពេជ្របុរីគ្រោងអនុវត្តផែនការអាជីវកម្មរបស់ខ្លួនរយៈពេល៣ឆ្នាំ(២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងបរិមាណ៨៤៩៨តោន/ឆ្នាំ ក្នុងរយៈពេល៣ឆ្នាំ និងផលិតកម្មដំឡូងមីស្ងួតក្នុងបរិមាណ៣៨០៧តោន/ឆ្នាំ ក្នុងរយៈពេល៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជាមធ្យមប្រមាណ ៧៨៩៩៥២ដុល្លារ ក្នុង១ឆ្នាំ ឬជាង ២,៦លានដុល្លារក្នុងរយៈពេល៣ឆ្នាំ។
ជាមួយគ្នានេះ តំណាងសហគមន៍កសិកម្មភ្នំពេជ្របុរីបានឲ្យដឹងថា កិច្ចព្រមព្រៀងនាឱកាសនេះ អាចជួយដោះស្រាយបញ្ហាមួយចំនួនដែលសហគមន៍កំពុងជួបប្រទះដូចជា ខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ផ្លូវដឹកជញ្ជូនផលកសិកម្មការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតម្លៃទីផ្សារដំឡូងមី៕