ឫទ្ធិពល និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ចុះ MoU ដាក់កម្មវិធីបណ្ដុះបណ្ដាល«ចំណេះដឹងហិរញ្ញវត្ថុ»
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ឫទ្ធិពលនិងវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI) បានចុះអនុស្សរណៈយោគយល់ស្ដីពី«ការដាក់បញ្ចូលកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុ Financial Literacy ទៅដល់និស្សិតនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម»។ កម្មវិធីចុះអនុស្សារណៈនេះធ្វើឡើងដោយមានអ្នកស្រី ប៉ែន បុប្ផានាយិកាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឫទ្ធិពល និងឯកឧត្តម ជិន តារានាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ការចុះអនុស្សរណៈយោគយល់ស្ដីពី«ការដាក់បញ្ចូលកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុ Financial Literacy» នេះ ក្នុងគោលបំណងផ្ដល់នូវកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុមួយដែលច្បាស់លាស់ដែលជាកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលឫទ្ធិពលផ្ទាល់ទៅដល់និស្សិតនៃវិទ្យាស្ថាន ITI គ្រប់រូបមុនពេលពួកគាត់ចេញទៅបម្រើការងារ។ បន្ថែមលើនេះផងដែរអនុស្សារណៈនេះក៏មានគោលបំណងសហការផ្ដល់ឱកាសការងារការចុះកម្មសិក្សានៅក្រុមហ៊ុនឫទ្ធិពល មជ្ឈមណ្ឌលបណ្ដុះបណ្ដាលឫទ្ធិពលនិងក្រុមហ៊ុនកត់លុយផងដែរ។
មុននឹងមានការចុះអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន ឫទ្ធិពល បានផ្តួចផ្តើមនិងដឹកនាំអនុវត្តគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» រយៈពេលពេញ១ឆ្នាំ ដល់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅចំនួន ១ម៉ឺននាក់ ដែលចាប់ផ្តើមតាំងពីតុលា ឆ្នាំ២០២២មកម្ល៉េះ។ គិតមកដល់ខែមីនា ឆ្នាំ២០២៣ គម្រោងនេះ បានរៀបចំជាសិក្ខាសាលាស្តីពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដល់យុវជន និងសិស្សនិស្សិតបានចំនួនជិត២,៧០០នាក់ (ស្រ្តី១,៤១៣នាក់) នៅគ្រឹះស្ថានអប់រំរដ្ឋនិងឯកជននៅតាមបណ្តារាជធានី-ខេត្តចំនួន៦។
គម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះ នឹងជួយដល់អ្នកចូលរួមក្នុងការយល់ដឹងបន្ថែមពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សារសំខាន់ និងអត្ថប្រយោជន៍របស់វា។ ចំណេះដឹងហរញ្ញវត្ថុ (Financial Literacy) ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្របខ្លួនក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ថែមទាំងបង្ហាញពីរបៀបប្រើប្រាស់(FinTech) ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីបង្កើនសេចក្ដីសុខ សុខុមាលភាពហិរញ្ញវត្ថុ លើកទឹកចិត្តយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យត្រៀមលក្ខណៈដើម្បីក្លាយជាពលរដ្ឋឌីជីថល៕