ក្រសួងពាណិជ្ជកម្ម ជំរុញសហគ្រិនខ្មែរចូលរួមពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិសេអ៊ូលលើកទី២២ នៅកូរ៉េ
ភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិ នៃប្រទេសកូរ៉េ នឹងរៀបចំ «ពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិសេអ៊ូល លើកទី២២» នាថ្ងៃទី៨-១១ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពិព័រណ៍ខាងលើផ្តោតសំខាន់លើការធ្វើជំនួញ និងផ្សព្វផ្សាយផលិតផលកាហ្វេ ម៉ាស៊ីនលីងកាហ្វេម៉ាស៊ីនឆុងកាហ្វេ តែ នំ បង្អែម ការ៉េម សូកូឡា សម្ភារៈផ្ទះបាយ សេវាកម្មចំណីអាហារនិងភេសជ្ជៈគ្រប់ប្រភេទ។ លើសពីនេះ គណៈកម្មរៀបចំពិព័រណ៍បានបែងចែកតម្លៃស្តង់ជាពីរប្រភេទរួមមាន៖ ទី១. ទីតាំងទំនេរមានទំហំ ៣ម៉ែត្រ X ៣ម៉ែត្រ មានតម្លៃ ២៩០០ដុល្លារ និងទី២ ស្តង់ធម្មតាមានទំហំ ៣ម៉ែត្រ x ៣ម៉ែត្រ មានតម្លៃ ៣៣០០ដុល្លារ។
ដូច្នេះ បណ្តាសហគ្រិន និងសាធារណៈជនទូទៅមានបំណងចូលរួមពិព័រណ៍ខាងលើ ដើម្បីស្វែងរកកាលានុវត្តភាពនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិឬមានបំណងស្វែងរកដៃគូពាណិជ្ជកម្មអន្តរជាតិ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជាកំហិត តាមរយៈអាស័យដ្ឋានដីឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ីភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមន្ត្រីសម្របសម្រួលលោក សាន ភិរុណ ទូរស័ព្ទលេខ៖ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com ឬអាចទាក់ទងដោយផ្ទាល់ទៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំពិព័រណ៍តាមរយៈទូរស័ព្ទលេខ៖ ៨២-២-៦០០០-៦៦៩៩ ឬអ៊ីម៉ែល info@welforum.orgនិងស្វែងរកព័ត៌មានលម្អិតតាមរយៈគេហទំព័រ www.welforum.org ៕