កម្ពុជា-តួកគី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៥០លានដុល្លារ ក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
12/4/2023 10:30 AM

ភ្នំពេញ៖ បើតាមការគូសបញ្ជាក់រវាងកម្ពុជានិងតួកគីកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រចបានប្រមាណ ១៥២លានដុល្លារ ក្នុងឆ្នាំ២០២២ ជាមួយនឹងកំណើន ៧០% ធៀបនឹងឆ្នាំ២០២១។ដោយទំនិញសក្តានុពលនាំចេញពីកម្ពុជាទៅតួកគីរួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់។ចំណែកទំនិញសក្តានុពលនាំចូលពីតួកគីមកកម្ពុជាវិញមានដូចជា៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីនបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់។

នាជំនួបពិភាក្សាការងាររវាងលោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាមួយនឹងឯកឧត្តម Husnu Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុបនៃក្រសួងពាណិជ្ជកម្មតួកគី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគព្រមទាំងពិគ្រោះយោបល់លើលទ្ធភាពក្នុងការសិក្សាសមិទ្ធិផលក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចនិងស្វែងយល់ពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

កម្ពុជានិងតួកគីបានផ្វើការផ្លាស់ប្តូរយោបល់ជុំវិញយន្តការនានា សំដៅបន្តលើកកម្ពស់ការវិនិយោគនិងបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើងដោយបានលើកទឹកចិត្តឲ្យមានការសហការគ្នាយ៉ាងស្អិតរមួតរវាងវិស័យឯកជននិងសភាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោល់លើលទ្ធភាពក្នុងការរៀបចំនូវការសិក្សាសមិទ្ធិលទ្ធភាពដើម្បីវិភាគលើផលចំណេញ និងលទ្ធភាពក្នុងការរៀបចំកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឬក្រោមទំរង់ណាមួយនាពេលខាងមុខ ក្រោយលទ្ធផលនៃការសិក្សាបញ្ចប់ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236