ចូលឆ្នាំ៣ថ្ងៃ មានភ្ញៀវទេសចរជាង ១៣លាននាក់ លេងកម្សាន្តតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្ក្រាន្ត
ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណជាង ១៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ បានធ្វើដំណើររកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ ក្នុងនោះក៏ក្រសួងទេសចរណ៍ បានរាប់បញ្ចូលទាំងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំង ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយការលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានាផងដែរ។
តាមរបាយការណ៍ដែលក្រសួងទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១៣,១៣២,០៨០នាក់ និងភ្ញៀវអន្តរជាតិចំនួន ៥៥,៦៩១នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ ដែលមានភ្ញៀវលេងកម្សាន្តច្រើនជាងគេ រួមមាន៖ ខេត្តសៀមរាប ចំនួន ២,១២០,៣៧៣នាក់, ខេត្តបាត់ដំបង ចំនួន ១,៥០០,១៦៨នាក់, ខេត្តកំពង់ចាម ចំនួន ១,៤០៨,៨១១នាក់, រាធានីភ្នំពេញ ចំនួន ១,០៨០,៥០៩នាក់, ខេត្តព្រះសីហនុ ចំនួន ៨៨៧,៨៩៣នាក់, ខេត្តកំពត ចំនួន ៨៧០,៣៩៩នាក់, ខេត្តស្វាយរៀង ចំនួន ៧៦០,៣៩៩នាក់, ខេត្តកំពង់ឆ្នាំង ចំនួន ៧៣៩,១៥៩នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៦៥០,០១៣នាក់ និងខេត្តកំពង់ស្ពឺ ចំនួន ៥១២,៨៩៨នាក់។
ក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្តទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនកុះករ។ ក្រសួងបានបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ៣ថ្ងៃនេះ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម ក៏ជាហេតុទាក់ទាញទេសចរច្រើនលើសពីការរំពឹងទុកបែបនេះផងដែរ៕