CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៥ បោះទុនជិត១០០លានដុល្លារ បង្កើតរោងចក្រនិងកសិដ្ឋានក្នុងរាជធានី-ខេត្តចំនួន៥
Posted by -
Phoung Somphors
Published on -
19/4/2023 3:46 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ បោះទុនប្រមាណ ៩៨,១លានដុល្លារ ដើម្បីបង្កើតរោងចក្រនិងកសិដ្ឋានក្នុងរាជធានី-ខេត្តចំនួន៥ ដែលអាចបង្កើតការងារបានប្រមាណជាង ១១០០កន្លែង។

បើតាម CDC កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រនិងកសិដ្ឋាន នៅបណ្តារាជធានី-ខេត្តផ្សេងៗគ្នា។ មានក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd បោះទុនប្រមាណ ៧៣,៤លានដុល្លារ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលស្ថិតនៅស្រុកស្នួលខេត្តក្រចេះ និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។ ចំណែក ក្រុមហ៊ុន Rihty Rubber (Cambodia) Co., Ltd បោះទុនចំនួន ១២លានដុល្លារគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃដែលស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ ឃុំរមណី ស្រុករវៀងខេត្តព្រះវិហារ ដែលអាចបង្កើតការងារបានប្រមាណ ១៥៨កន្លែង។

រីឯ ក្រុមហ៊ុន GE New Energy Technology (Cambodia)Co., Ltd បោះទុនប្រមាណ ៧លានដុល្លារ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលស្ថិតនៅភូមិតានួន សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។ សម្រាប់ក្រុមហ៊ុន Jingmaoguoji (Cambodia)Garment Co., Ltd បោះទុនចំនួន ៥,៧លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលអាចបង្កើតការងារបានប្រមាណ ៤៧៥កន្លែង។ និងក្រុមហ៊ុន EBELNO (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារអេឡិចត្រូនិក ដែលស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236