ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា រួមគ្នាអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចុះ MoU ជាមួយនឹងធនាគារកណ្តាលរវ៉ាន់ដា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលមានលោកជំទាវបណ្ឌិត ជាសិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Rwangombwa John ទេសាភិបាលធនាគារកណ្តាលរវ៉ាន់ដា ក៏មានគោលបំណងចែករំលែកព័ត៌មាននិងចំណេះដឹងស្តីពីនវានុវត្តន៍ការទូទាត់ឌីជីថលសម្រាប់សេវាហិរញ្ញវត្ថុ ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ។
ក្រៅពីនោះ លោកជំទាវក៏បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលបារាំង ដែលដឹកនាំដោយលោកស្រី Emmanuelle Assouan អគ្គនាយកស្ថិរភាពហិរញ្ញវត្ថុនិងប្រតិបត្តិការជួបពិភាក្សាការងារ និងបានចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជាជាពិសេស ប្រព័ន្ធទូទាត់បាគងផងដែរ ។