កម្ពុជា និងឥណ្ឌា ចុះ MoU សហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនជាមួយគ្នា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័ន NPCI International Payments Limited (NIPL) ស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់និងការផ្ទេរប្រាក់ឆ្លងដែនជាមួយគ្នា។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។ ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការប្រើប្រាស់បណ្តាញផ្លូវការសម្រាប់ធ្វើប្រតិបត្តិការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។
លើសពីនេះ ការតភ្ជាប់ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលមួយដើម្បីគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មសម្រាប់ប្រទេសទាំងពីរនាពេលអនាគត៕