ក្រសួងសាធារណការ ចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ
Posted by -
Phoung Somphors
Published on -
19/4/2023 5:36 PM

ភ្នំពេញ៖ ក្រសួងសាធារណការ ចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ​ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ នៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៣នេះ។

នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ការចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (FASA) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)នេះ បានឱ្យដឹងថា គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្ម នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ព្រមទាំងមានប្រសិទ្ធភាពអាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផលនិងបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា នេះជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មលើកទី២ ហើយ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្ត បន្ទាប់ពីគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ហើយឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលនៅបាវិត និងប៉ោយប៉ែតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយ ដែលអាចផ្តល់សេវាភ័ស្តុភារកម្មពីប្រទេសកម្ពុជាទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំពោះមជ្ឈមណ្ឌលនេះ ត្រូវបានកំណត់នៅក្នុងផែនការមេភ័ស្តុភារកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតភ្ជាប់ទៅមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) ដែលគម្រោងទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់នៃប្រតិបត្តិការដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់បានកាន់តែប្រសើរ ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាបានកាន់តែច្រើន ដែលនេះនឹងបើកឱកាសដល់ការប្រកួតប្រជែងនិងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236