គយ ប្រមូលចំណូលបានជាង ៥៦០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ៥,២%
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ២ ៣០២,៩ ប៊ីលានរៀល (ប្រមាណ ៥៦៤,១លានដុល្លារ) ថយចុះប្រមាណ ៥,២% ធៀបនឹងចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២២។ លទ្ធផលនេះ សម្រេចបាន ២០,៥%នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករកម្ពុជា ប្រចាំត្រីមាសទី១ឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន៩៤៩,៨ ប៊ីលានរៀល ស្មើ ៤១,២% នៃចំណូលសរុប។ អាករពិសេសមានចំនួន ៧៥២,២ ប៊ីលានរៀល ស្មើ ៣២,៧% នៃចំណូលសរុប។ ពន្ធគយមានចំនួន ៤៥៩,៥ ប៊ីលានរៀលស្មើ ២០,០% នៃចំណូលសរុប។ អាករបន្ថែមពីផលិតផលប្រេងមានចំនួន៨៧,៦ ប៊ីលានរៀល ស្មើ ៣,៨%នៃចំណូលសរុប។ អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥៣,៨ប៊ីលានរៀល ស្មើ ២,៣% នៃចំណូលសរុប។
ចំពោះ ចំណូលតាមក្រុមទំនិញវិញឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ៨៣៥,៦ ប៊ីលានរៀលស្មើ ៣៦,៣% នៃចំណូលសរុប។ ទំនិញចម្រុះមានចំនួន ៧៥៧,២ ប៊ីលានរៀល ស្មើ ៣២,៩% នៃចំណូលសរុប។ ផលិតផលតេលសិលាមានចំនួន ៥៥៣,៥ប៊ីលានរៀល ស្មើ ២៤,០% នៃចំណូលសរុប។ ចំណែក គ្រឿងសំណង់និងកម្រៃផ្សេងៗមានចំនួន ១៥៦,៦ ប៊ីលានរៀល ស្មើ ៦,៨% នៃចំណូលសរុប៕