CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៦ បោះទុនជិត៧៤លានដុល្លារ បង្កើតរោងចក្រនិងវិនិយោគ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៦ បោះទុនប្រមាណ ៧៣,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រនិងវិនិយោគដែលអាចបង្កើតការងារបានប្រមាណ ១៧២១កន្លែង។
បើតាម CDC កាលពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ដើម្បីបង្កើតរោងចក្រ នៅខេត្តកណ្តាលដូចគ្នា។ មានក្រុមហ៊ុន Sunflower Energy(Cambodia) Co., Ltd បោះទុនចំនួន ១៥,៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលស្ថិតភូមិក្តាន់រយឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ៣៣៩កន្លែង។ ចំណែក ក្រុមហ៊ុន Meng Feng Packaging (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្តុកវែង ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។
ដោយឡែក គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ទៀតដើម្បីបង្កើតរោងចក្រនិងវិនិយោគ នៅបណ្តាខេត្តចំនួន៤ទៀតផងដែរ។ មានក្រុមហ៊ុន Den Nokor (Cambodia) Investment Co., Ltd បោះទុនប្រមាណ ៣០លានដុល្លារ គម្រោងវិនិយោគអភិវឌ្ឍនន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀតដែលស្ថិតនៅភូមិកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលអាចបង្កើតការងារបានចំនួន១៤២កន្លែង។ ចំណែក ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development (Cambodia) Co., Ltd បោះទុនប្រមាណ ១០,៣លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក...) និងកសិដ្ឋានដាំដំណាំចេក ដែលស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឱខេត្តត្បូងឃ្មុំ ដែលអាចបង្កើតការងារបានចំនួន ៤១២កន្លែង។
រីឯ ក្រុមហ៊ុន G.T.V.C Import Export Co., Ltd បោះទុនចំនួន ៧,៧លានដុល្លារគម្រោងវិនិយោគអភិវឌ្ឍន៍ «កោះមួយ» ដែលស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះកុង ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានប្រមាណ ៤៩កន្លែង និងក្រុមហ៊ុន Greater Health Product (Cambodia) Co., Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទដែលស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងអាចបង្កើតការងារបានប្រមាណ ៣០៤កន្លែង៕